ព័ត៌មានជាតិ

រថយន្តម៉ាក Range Rover មួយគ្រឿង ពាក់ស្លាកលេខនគរបាល បុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង៤និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Range Rover មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.7774 បើកបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.7774 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះ រេចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់ខ្ទាតរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្ស រងគ្រោះថ្នាក់នោះទេ ។

ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ករណីនេះបណ្តាលមកពីមូលហេតុអ្វី ដែលបណ្តាលឲ្យរថយន្តជ្រុលទៅបុកទ្រូងផ្លូវដូច្នេះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ បន្ទាប់មកបានរថយន្តបង្កហេតុខាងលើនោះ យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីបង្កហេតុចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ៕

មតិយោបល់