ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព គាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួទន

បាត់ដំបង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហត្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ០១នាក់ឈ្មោះ យីវ ម៉ាន់ ភេទស្រី អាយុ៤៨ឆ្នាំ មានករណីគាស់ទម្លុះទម្លាយផ្ទះ យកទ្រព្យសម្បត្តិរបស់ខ្លួន នៅចំណុចក្រុមទី១៣ ភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នឹង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន០១ឈ្មោះ ថុន តុលា ហៅ ខ្លា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅចំណុចក្បាលក្របី ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព គាស់ផ្ទះយកទ្រព្យសម្បត្តិ នៅចំណុចខាងលើពិតប្រាកដមែន ។

សម្ភារ:ដែលបានជនសង្ស័យលួចយកបានរួមមាន៖
-ស្រាបៀរ GANZBERG ចំនួន០៣កេះ
-ម៉ូទ័រស្វានម៉ាក NIKATEC ពណ៌ស្លាទុំ ចំនួន ០១គ្រឿង
-ម៉ូទ័រកាត់ដែកម៉ាក Meboto ពណ៌ត្រួយចេក ចំនួន ០១គ្រឿង
-ឧបករណ៍ម៉ែត្រវាស់បន្ទាត់ឡាស៊ែម៉ាក NIKATEC ពណ៌ស្លា ចំនួន ០១គ្រឿង ។

នាពេលនេះ ជនសង័្សយត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕

មតិយោបល់