ភ្នំពេញៈ ដើម្បីរៀបចំបញ្ជីចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ឲ្យបានទាន់ពេល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមការងាររបស់ខ្លួនចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ក្នុងម៉ោងធ្វើការ ដោយមិនគិតថ្ងៃសោរ៍ និងអាទិត្យនោះទេ។ នេះបើតាមការឲ្យដឹងក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារនៃលិខិតធានាពាក់ព័ន្ឋការងារចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ កាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ
ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោក លុន ឆេងកៃ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមអគ្គរង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អភិបាលខណ្ឌ និងអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌទាំង១២ ចៅសង្កាត់ និងមន្ត្រីពាក់ព័ន្ឋទាំងអស់ ។
អង្គប្រជុំនេះក៏បានលើកឡើងនូវនីតិវិធី និងបែបបទលិខិតដែលបម្រើការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ក្នុងម៉ោងធ្វើការដោយគិតទាំងថ្ងៃសោរ៍ និងអាទិត្យ។ក្នុងគោលបំណងធានាដល់សិទ្ឋិ ក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់មាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែររបស់ខ្លួន បានបាត់ ឬខូច និងដើម្បីធានាឲ្យការបំពេញបែបបទស្នើសុំ និងការចេញឯកសារបញ្ជាក់ អត្តសញ្ញាណជូនដល់ប្រជាពលរដ្ឋ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងមានគណនេយ្យភាព និងតម្លាភាពនោះ ក្រសួងមហាផ្ទៃ និងគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើការណែនាំអំពីនីតិវិធី បែបបទ ដល់អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ រួមនិង គឃ.សប ដើម្បីធ្វើការផ្សពផ្សាយឲ្យបានទូលំទូលាយ តាមពេលវេលានៃការចុះឈ្មោះបោះ ឬការបោះឆ្នោត ឆ្នាំ២០១៧តែប៉ុណ្ណោះ ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ មាត្រា១៦៩ នៃ ច.ប.ត.រ ករណីប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដើម្បីបោះឆ្នោត អាជ្ញាធរឃុំ សង្កាត់ និងគណ:កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) ត្រូវអនុញ្ញាត ឲ្យចេញឯកសារបញ្ជាក់ អត្តសញ្ញាណតាមការស្នើសុំ ជូនប្រជាពលរដ្ឋ ។ ការចេញឯកសារបញ្ជាក់អត្តសញ្ញាណនេះ សម្រាប់បម្រើឲ្យតែការចុះឈ្មោះបោះឆ្នោត និងការបោះ ឆ្នោត ឆ្នាំ២០១៧ប៉ុណ្ណោះ ដែលឯកសារផលិតដោយ គ.ជ.ប ។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរងរាជធានី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ចូរយកចិត្តទុកដាក់ត្រង ត្រាប់ស្តាប់វាគ្មិនពន្យល់ពីនីតិវិធី នៃបែបបទក្នុងការបញ្ជាក់ ទីលំនៅជូនដល់ពលរដ្ឋខ្មែរ ដើម្បីមានសិទ្ឋិក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត នាឆ្នាំ២០១៧នេះ បានដោយរលូន និងតម្លាភាព៕




មតិយោបល់