មីយ៉ាន់ម៉ាៈ តាមរបាយការណ៍របស់នាយកដ្ឋានឧតុនិយមនិងធារាសាស្ត្ររបស់ប្រទេសមីយ៉ានម៉ាបានឲ្យដឹងថា ការរញ្ជូយដីកំពុងតែមានភាពអង្រួនខ្លាំងធ្វើឲ្យប្រជាជនរាប់ពាន់នាក់ភ័យស្លន់ស្លោរត់ចេញមកក្រៅអគារខ្ពស់ៗនៅក្នុងប្រទេសនេះ។
ការរញ្ជួយដីយ៉ាងខ្លាំងមួយមានកម្រិត ៦.៥ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចទីក្រុង Meiktila ប្រទេសមីយ៉ាន់ម៉ា ចម្ងាយ១៤៣គីឡូម៉ែត្រ នៅថ្ងៃពុធវេលាម៉ោង ៥:០៤ ល្ងាច(ម៉ោងក្នុងស្រុក) ហើយបានបន្តទៅចំណុចកណ្តាលមួយចម្ងាយ ១៩៧,៩ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Mandalay និង១៩.៣ គីឡូម៉ែត្រភាគខាងលិចទីតំបន់ Chauk ការរញ្ជួយដីនេះឱ្យកក្រើកតំបន់ជាច្រើន នៃប្រទេសរួមទាំងរដ្ឋធានី Nay Pyi Tawនិងទីក្រុង Yangon ។
យោងតាមអ្នកស្រុកនៃតំបន់ដែលរងការរញ្ជួយដីបានឲ្យដឹងថា ការរញ្ជួយដីនេះបានអង្រួនអគារ និងធ្វើឲ្យរងការខូចខាតការផ្គត់ផ្គង់អគ្គិសនី ក្នុងផ្នែកជាច្រើននៃប្រទេសនេះ។
មកដល់ពេលនេះ គេមិនទាន់ទទួលបានរបាយការណ៍ជាផ្លូវការបន្ទាន់ និងលម្អិតអំពីការស្លាប់ និងរបួសដោយគ្រោះរញ្ជួយដីនៅឡើយទេ ។
របាយការណ៍ដំបូងបានឱ្យដឹងថា អគារសាសនាមួយចំនួននៅក្នុង Bagqan-Nyaung Oo បានដួលរលំ និងផ្នែកមួយនៃអាគារសភាជនជាតិនៅទីក្រុង Nay Pyi Taw ត្រូវបានប្រេះស្រាំ។
គ្រោះរញ្ជួយដីដ៏ខ្លាំងនេះបានធ្វើប៉ះពាល់ដល់ប្រទេសបង់ក្លាដែស និងរដ្ឋមួយចំនួនរបស់ឥណ្ឌារួមមាន រដ្ឋ West Bengal រដ្ឋ Bihar និងរដ្ឋ Assam ៕


មតិយោបល់