ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ធ្លាក់ចូលកង់រ៉ឺម៉កកំពុងជិះ បណ្តាលឲ្យកិនបែកក្បាលធ្លាយខួរស្លាប់

ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង២និង៣៤នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ ប្តីប្រពន្ធ១គ្រួសារបានជិះរ៉ឺម៉កម៉ូតូខ្លួនឯង ដឹកកូនធ្វើដំណើរទៅលេងស្រុកកំណើត បណ្តាលឲ្យកូនធ្លាក់ចូលកង់រ៉ឺម៉កកិនធ្លាយខួរស្លាប់ ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិអង្គាសដី ឃុំតាសួល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះរ៉ឺម៉កម៉ូតូ១គ្រឿងរបស់ខ្លួនឯង មានប្រពន្ធនិងកូនតូចធំរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១​ ទិសដៅចេញពីភ្នំពេញ ឆ្ពោះទៅខេត្តស្វាយរៀង ដើម្បីទៅលេងស្រុកកំណើត នារដូវ បុណ្យភ្ជុំ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជាគ្រោះអកុសល មានកូនប្រុសម្នាក់អាយុ០៦ឆ្នាំ បានរអិលធ្លាក់ចូលកង់រ៉ឺ ម៉កជាមួយភួយកំពុងដណ្តប់នោះ បណ្តាលឲ្យរមូរចូលបោកបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនជាច្រើននាក់ កំពុងធ្វើចរាចរណ៍តាមដងផ្លូវនោះ ។

នៅក្រោយពេលកើតហេតុ មានវត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងសាកសួរព័ត៌មានផ្សេងជុំវិញករណីខាងលើនោះ ។ បន្ទាប់មកបានប្រគល់សាកសពក្មេងរងគ្រោះនោះ ទៅក្រុមគ្រួសារ ទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់