ព័ត៌មានជាតិ

កម្លាំងចម្រុះចុះជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវលិចទឹក ដែលបណ្តាលមកពីជំនន់ទឹកភ្លៀង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងផ្លូវ ដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក បានដឹកនាំកម្លាំងក្រោមឱវាទ សរុបចំនួន៤៣នាក់ ដោយសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨ A ​កំពុងលិចលង់ចំនួន០២កន្លែង (ភ្នំស្រុក ព្រៃមាន់និងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) កម្លាំងសរុប១៩នាក់ និងដឹកនាំកម្លាំងចំនួន២៤នាក់ ស្រី០៣នាក់ ជួយច្រកដីដាក់ការុងបិទទំនប់ កុំឲ្យទឹកហូរកាត់ផ្លូវលំប្រឈមនឹងលិចលង់ប្រមាណជា៣០០ម៉ែត្រ ក្នុងភូមិស្ពានក្មេង ឃុំភ្នំដី ទៅឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក ។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា​៖ ដោយអនុវត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងរដូវវស្សាមានទឹកជំនន់នេះ ឲ្យគ្រប់កម្លាំងអធិការដ្ឋាននគរបាល ស្រុក ក្រុង ត្រូវត្រៀមកម្លាំង ដើម្បីជម្លៀសនិងជួយសម្រួលចរាចរណ៍ ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់កន្លែង ដែលមានទឹកហូរកាត់ផ្លូវ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុនោះ ។ ជាក់ស្តែងថ្ងៃនេះ នៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រុក មានទឹកហូរកាត់ផ្លូវកៅស៊ូចំនួន០៣កន្លែង និងទឹកហូរកាត់ផ្លូវលំ០១កន្លែង ។

លោកអធិការបានបញ្ជាក់ថា៖ ដើម្បីអនុវត្តតាមបទបញ្ជានេះ លោកបានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាន និងនគរបាលប៉ុស្តិ៍រដ្ឋបាល សរុប ចំនួន៤៣នាក់ ក្នុងនោះបានសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់ផ្លូវកៅស៊ូលេខ២៦៨A​ ដែលទឹកកំពុងហូរកាត់ផ្លូវ ចំនួន០៣កន្លែង (ភ្នំស្រុក ព្រៃមាន់ភ្នំស្រុក ភូមិប៉ោយស្នួលនិងភ្នំស្រុកទៅអាងទឹកត្រពាំងថ្ម) សរុបប្រមាណជា២,០០០ម៉ែត្រ) មានកន្លែងងខ្លះជម្រៅក្រោមក្បាលជង្គង់ខ្លះទៀត លើក្បាលជង្គង់ កម្លាំងសរុប១៩នាក់ និង ដឹកនាំកម្លាំងចំនួន២៤នាក់ទៀតក្នុងនោះ ស្រី០៣នាក់ ជួយច្រកដីដាក់ការុង ដើម្បីបិទទំនប់កុំឲ្យទឹកហូរកាត់ផ្លូវលំប្រវែងប្រមាណជា៣០០ម៉ែត្រ ពីភូមិស្ពានក្មេង ឃុំភ្នំដី ទៅឃុំ ស្ពានស្រែង ស្រុកភ្នំស្រុក ។​

ជាមួយគ្នានោះដែរ ក៏មានអែស្ការវេទ័ររបស់មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តបានជីកដីទប់ទំបន់ ។ មួយវិញទៀត ដោយពិនិត្យឃើញពីការខ្វះខាតការ៉ុងច្រកដីនោះ លោកក៏បានឧបត្ថម្ភការ៉ុងចំនួន១០០ ដើម្បីច្រកដីទប់ជាទំនប់នេះផងដែរ ៕

មតិយោបល់