ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ក្រោយពេលបើកឡានប៉ះជាមួយម៉ូតូ រួចព្យាយាមបើករត់គេចរហូត ទៅបុករថយន្តដឹកទឹកកក

ភ្នំពេញៈ នៅវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១១៧ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តព្រូសបើកទៅបុករថយន្តដឹកទឹកកក ។

រថយន្តបង្កម៉ាក ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-9139 អ្នកបើកបរឈ្មោះ ប៉ា ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ (ស្លាប់) ស្នាក់នៅក្នុងបូរីឈូកវ៉ា១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដឹកទឹកកក ប្រភេទ ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7485 តៃកុងបានចាកចេញពីកន្លែងកើតហេតុបាត់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរតាមផ្លូវបេតុងពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានប៉ះគ្នាជាមួយម៉ូតូ រួចព្យាយាមបើករត់រហូតជ្រុលទៅបុករថយន្តដឹកទឹកកកតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានត្រឹមពាក់កណ្ដាលផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់