ព័ត៌មានជាតិ

ជនដៃដល់សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តPrius យកទៅប្លុងចោលនៅក្រោយផ្សារភូពុយ ក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅប្រទេសថៃ

បាត់ដំបងៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ១៥រោច ខែ ភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការបានជម្រុញ និងដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាល អន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ច នៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាជនសង័្សយក្នុងករណី សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូស PRIUS មួយគ្រឿង យកមកប្លុងចោលនៅក្រោយផ្សារភូពុយ ស្ថិតនៅសង្កាត់អូរចារ ក្រុង បាត់ដំបង ដែលបានប្រទះឃើញកាលពីថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ ។

បុរសម្នាក់នោះឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ ។

សូមជម្រាបជូនថា កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២ ០២២ មានរឿងហេតុភ្ញាក់ផ្អើលមួយ ដោយសារគេបានប្រទះ ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយ នៃរថយន្តម៉ាកព្រូស PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BQ-1371 ស្ថិតនៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមរយៈការស្រាវជ្រាវដែលបានធ្វើឡើងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង ។

ស្រ្តីរូបនេះបានចាកចញពីផ្ទះជាមួយរថយន្តខាងលើ កាលពីថ្ងៃកាន់បិណ្ឌទី១ គឺអំឡុងថ្ងៃ១១ខែកញ្ញា ឆ្នាំ២០២២ ហើយបាត់ការ ទាក់ទងតាមទូរស័ព្ទចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ពេលប្រទះឃើញរថយន្ត និងសាកសពតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូបនេះ បានសារភាពថា រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលើប្រាកដមែន ដែលការសម្លាប់នេះ ប្រព្រឹត្តនៅក្នុងរថយន្ត បន្ទាប់ពីរូបគេនិងជនរងគ្រោះកើតជម្លោះពាក្យសំដីជាមួយគ្នាក្នុងពេលរួមធ្វើដំណើរដោយរថយន្ត ហើយចំណុច ប្រព្រឹត្តិនេះធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ រួចបើករថយន្តដឹកសពស្រ្តីរូប នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង នាអំឡុង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ រួចគេចខ្លួនបាត់ រហូតដល់រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបគេប្រទះឃើញសាកសពនៅក្នុងរថយន្ត បន្ទាប់ពីមាន ក្លិនស្អុយភាយចេញពីក្នុងរថយន្តនោះ ។

ទោះជាយ៉ាងនេះក្តីជនសង័្សយខាងលើ បានត្រឹមតែឆ្លើយប្រាប់សម្ថកិច្ចថា រូបគេជ្រុលដៃរហូតធ្វើឱ្យស្រ្តីរូបនេះស្លាប់ ក្នុងពេលដែលរូបគេប្រើហិង្សាទៅលើស្ត្រីរូបនេះ ក្នុងខណៈកំពុងមានទំនាស់ពាក្យសំដីជាមួយគ្នា ។

ពេលនេះសមត្ថកិច្ចនគរបាល កំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត និងរៀបចំសំណុំរឿង បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ៕

មតិយោបល់