ព័ត៌មានជាតិ

សន្តិសុខវ័យចំណាស់ម្នាក់ ទើបមកយាមការ៉ាស់សាំង១អាទិត្យ ដើរឆ្លងផ្លូវម៉ូតូបុកដួលត្រូវរថយន្តកិនស្លាប់ បានបន្សល់ទុកកូន៦នាក់

ភ្នំពេញ: នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូនិងអ្នកថ្មើរជើង ត្រង់ចំណុចផ្លូវចូលបុរី លី ហ្វុង ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុស០១នាក់ស្លាប់ នៅកន្លែងកើតហេតុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មា​នអ្នកថ្មើរជើងម្នាក់ឈ្មោះ ឡាង ជា ភេទប្រុស អាយុ ៦១ ឆ្នាំ មុខរបរសន្តិសុខ មានទីលំនៅបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ) ។ ចំណែកភាគីខាងម៉ូតូអ្នកបើកបរមានឈ្មោះ ហួ ជីលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេការហាង មានទីលំនៅភូមិជម្ពូរវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាក HONDA Cup ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1C.2414 (ឃាត់ខ្លួន) និងភាគីខាងរថយន្តមិនអត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុគេឃើញឈ្មោះ ឡាង ជា (សព) បានធ្វើដំណើរឆ្លងផ្លូវក៏ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ ហួ ជីលី ក្នុងល្បឿនលឿនមកបុកឈ្មោះ ឡាង ជា ពេញទំហឹងខ្ទាតចូលផ្លូវម្ខាង ស្របពេលនោះ ក៏មានរថយន្តមិនចាំម៉ាក១គ្រឿង បើកបរក្នុងល្បឿនលឿនមកបុកនិងកិនបន្ថែម បណ្តាលឲ្យជនរងគ្រោះឈ្មោះ ឡាង ជា ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ រួចរថយន្តក៏បន្តដំណើរទៅមុខបាត់ស្រមោល ។

បច្ចុប្បន្ន: គ្រោះថ្នាក់ខាងលើ ត្រូវបានប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។ ចំណែកឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់