បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់កម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងកំណត់ នៃការលង់ទឹកស្លាប់ឲ្យបានច្បាស់លាស់ចំនួន ០២ករណីនៅស្រុកថ្មគោល។
ករណីទី១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចក្រុមទី១៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងស្រីលង់ទឹកស្លាប់ចំនួន០១នាក់ ជនរងគ្រោះឈ្មោះ ចន្ថា ម៉ូលីកា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ចន្ថា ម៉ូលីកា នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ មូលហេតុដោយការធ្វើប្រហែស របស់អាណាព្យាបាល ទុកកូនចោលបណ្ដាលឲ្យលង់ទឹកស្លាប់ ។
ករណីទី២ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី០៣ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មានករណីក្មេងប្រុសលង់ទឹកស្លាប់ចំនួន០១នាក់ ជនរងគ្រោះឈ្មោះ តៅ វ៉ារីន ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។ កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ តៅ វ៉ារីន នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។ មូលហេតុដោយការធ្វើប្រហែស របស់អាណាព្យាបាល ទុកកូនចោលបណ្ដាលឲ្យលង់ទឹកស្លាប់ ។
បច្ចុប្បន្ន សពជនរងគ្រោះទាំង០២នាក់ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់