ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យព្រឺរន្ធត់យ៉ាងខ្លាំង មួយគ្រួសារមានគ្នាចំនួន០៤នាក់ បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ត្រូវបានរថយន្តម៉ាក Prius ពណ៌ខ្មៅ មួយគ្រឿង បុកពេញទំហឹង បណ្តាលឲ្យឪពុកនិងកូនស្រីអាយុ៥ឆ្នាំបានស្លាប់ ហើយម្តាយកូន២នាក់ទៀតរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវម្តុំបឹងតាមោក ក្នុងភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPrius ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-8541 បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម្តុំបឹងតាមោក ក្នុងល្បឿនលឿន ។ លុះពេលធ្វើដំណើរមកដល់ត្រង់ ចំណុចកើតហេតុបានបុកម៉ូតូឌ្រីមសង់មួយគ្រឿងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូមួយគ្រឿង ស្លាប់ឪពុកនិងកូនស្រីអាយុ៥ឆ្នាំ នៅនឹងកន្លែងកើតហេតុ ចំណែកពីរនាក់ទៀតគឺម្តាយនិងកូន បានរងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ បន្ទាន់ ។
ករណីខាងលើនោះ យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បាននិយាយប្រាប់ភ្នាក់ងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំឲ្យដឹងដូច្នេះថា ជនរងគ្រោះខាងលើ បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ធ្វើដំណើរមកពីលេងផ្ទះបងប្អូន ។លុះពេលត្រឡប់មកវិញ ប្តីបានឌុបប្រពន្ធនិងកូនទាំងអស់មានគ្នាចំនួន៤នាក់ ត្រូវរថយន្តខាងលើបុកពេញទំហឹង បណ្តាលឲ្យក្រុមគ្រួសារមួយនេះ ត្រូវស្លាប់ឪ ពុកនិងកូនស្រីនៅនឹងកន្លែងកើតហេតុ ចំណែកប្រពន្ធកូន២នាក់ទៀត បានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅដើម្បីអន្តរាគមន៍ភ្លាមៗ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទាំងទៅរក្សាទុកជាបណ្តោះអាស្ន នៅការិយាល័យចរា ចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ នាពេលក្រោយ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់