ព័ត៌មានជាតិ

ករណីរថយន្តបុកជាមួយម៉ូតូ ជិះឆ្លងផ្លូវបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកជាមួយម៉ូតូ ជិះឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០១នាក់ស្លាប់នៅកន្លែងកើតហេតុ ហេតុ ការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ ២០៤-២០៥ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាក ឡិចស៊ីស470ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2T-6369 បើកបរដោយឈ្មោះ សុខ វិរៈ ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បើកបរពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូជិះឆ្លងផ្លូវ ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ទឹកប៊ិក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ជិន ឈុំ ភេទប្រុស អាយុ ៧០ឆ្នាំ មានទីលំនៅភូមិចំការលើ ឃុំបឹងខ្នារ ស្រុកបាកាន (ស្លាប់នៅកន្លែងកើតហេតុ) ជិះឆ្លងផ្លូវពីជើងទៅត្បូង។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ចំពោះសាកសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បាន ចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន អ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។

ចំពោះរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ រង់ចាំការដោះស្រាយ តាមនីតិវិធី ៕

មតិយោបល់