បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ទារកមានអាយុទើប១ខួប៧ខែ រងរបួសធ្ងន់ ក្រោយមកក៏បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប ។ ករណីបង្កឲ្យទារកស្លាប់នេះ បណ្តាលមកពីកើតមានអំពើហិង្សា ដោយចេតនារវាងឪពុកនិងម្តាយកុមារីរងគ្រោះ នៅវេលាម៉ោង១០យប់ ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបន្ទាយឆ្មារបានឲ្យដឹងថា ជនដៃដល់ឈ្មោះ លួស ធំ ភេទប្រុស អាយុ២៨ឆ្នាំជាឪពុក និងម្តាយកុមារីរងគ្រោះឈ្មោះ ខន ខួច អាយុ ៣៨ ឆ្នាំ គ្រួសារនេះ នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលប៉ុស្តិ៍បន្ទាយឆ្មារបានបញ្ជាក់ថា ក្រោយពីកើតហេតុជនដៃដល់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ធ្វើការចាប់ឃាត់ខ្លួនហើយបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសួរនាំ ។
នគរបាលបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុ ខ្លួនបានមកពីស៊ីឈ្នួលដកដំឡូងមី ក្រោយពីងូតទឹករួចក៏ចេញពីផ្ទះទៅផឹកនៅផ្ទះមិត្តភក្តិធ្វើការជាមួយគ្នា ពេលត្រលប់មកផ្ទះវិញក៏មានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ និងត្រូវប្រពន្ធជេត្មិៈតេះដៀលដល់ពូជអំបូរ ដោយស៊ូទ្រាំមិនបាន ម្យ៉ាងវិញទៀតដោយអំណាចជាតិស្រាចូលពោះផងនោះ ទប់ចិត្តមិនបានក៏ទាញកៅអីជ័រ វាយសំដៅទៅលើប្រពន្ធកំពុងដេកជេរនៅក្នុងមុង មិនត្រូវប្រពន្ធបែរជាត្រូវកូនស្រី ដែលកំពុងដេកក្បែរម្តាយ០១កៅអីចំសៀតថ្ការខាងស្តាំ បណ្តាលឲ្យរបួសធ្ងន់និងត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកថ្មពួក និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ត្រូវបានស្លាប់នៅនិងមន្ទីរពេទ្យតែម្តង ។ សពក្មេងស្រីរងគ្រោះ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យ ។
ចំណែកជនដៃដល់ជាឪពុក ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក កំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់