ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនយុវជនម្នាក់ ក្រោយធ្វើសកម្មភាពលួចចូលលំនៅឋាន និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដដៃ

បន្ទាយមានជ័យ: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នគរបាលស្រុកស្វាយចេកឃាត់យុវជនម្នាក់សង្ស័យប្រើប្រាស់សារធាតុញៀន ក្រោយពីបានធ្វើសកម្មភាពលួចចូលលំនៅឋាន និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដដៃ វេលាម៉ោង០៣និង១៦នាទីទៀបភ្លឺ នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ជនបង្កឈ្មោះ ទិត្យ មិញស៊ឺ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិភាសជើង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។​ នៅមុនពេលកើតហេតុជននេះ បានលួចចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ប៉េង សវ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្លាស់កង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចបានយកញញួរវាយកញ្ចក់ទ្វារផ្ទះ បែកស្រាំនិងបង្អួចបែកមួយចំហៀង ។

លោក អធិការបានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងពីម្ចាស់ផ្ទះ កម្លាំងនគរបាលបានឃាត់ខ្លួនឈ្មោះ ទិត្យ មិញស៊ឺ មកសួរនាំ គេបានសារភាពថា ការដែលគេរត់ចូលក្នុងបរិវេណផ្ទះ និងវាយកញ្ចក់ទ្វារបង្អួចនេះ ដើម្បីឲ្យម្ចាស់ផ្ទះជួយ ព្រោះមានអ្នកតាមដេញវាយខ្លួន ។

លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់បន្ថែមថា យោងតាមការធ្វើតេស្តរកសារធាតុញៀន គឺមានវិជ្ជមាន ដូច្នេះជននេះសង្ស័យប្រើប្រាស់សារធាតុញៀន បច្ចុប្បន្នបានបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់