ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus RX330 និងឡានកូរ៉េបុកគ្នាពេញទំហឹង បណ្តាលឲ្យតៃកុងទាំងសងខាងរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង០៤និង០០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក Lexus RX330 និងឡានកូរ៉េដឹកទំនិញបុកគ្នាពេញទំហឹង បណ្ដាលឲ្យតៃកុងរងរបួសធ្ងន់ទាំងសងខាង បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ 2BE-8690 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើត ហេតុបានបើកគេចរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត បណ្តាលឲ្យរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញ១គ្រឿងពេញទំហឹង បណ្តាលឲ្យខ្ទេចរងការខូចខាតមួយកំណាត់មុខ ។ ចំណែកតៃកុងបានរងរបួសធ្ងន់ទាំងសងខាង ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នានៅនឹងកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង ។ បើការចរចាមិនត្រូវគ្នានោះទេ សមត្ថកិច្ចនឹងធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយបន្តទៀត ។

ប៉ុន្តែហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ តំណាងភាគីទាំងពីរបានធ្វើការចរចាត្រូវរ៉ូវគ្នា ។ ដោយភាគីខាងរថយន្តម៉ាក Lexus RX330 បានសងសំណងថ្លៃជួសជុល និងថ្លៃព្យាបាលជំងឺទៅឲ្យភាគីខាងរថយន្តកូរ៉េ ដើម្បីបញ្ចប់រឿង ៕

មតិយោបល់