ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូកៀរប៉ះជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ ២នាក់ របួសស្រាល ២នាក់ នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ មនុស្ស០២នាក់បាត់បង់ជីវិត និង០២នាក់ផ្សេងទៀតរងរបួសស្រាល ក្រោយជួបគ្រោះថ្នាក់ចរា​ចរណ៍ រវាងម៉ូតូកៀរប៉ះជាមួយម៉ូតូ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨១-៣៨២(ខាងលិចផ្លូវបំបែកយាយរវៃសូត្រចម្ងាយ៣៥ម៉ែត្រ)ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ មុនដំបូងមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅស៊េរីឆ្នាំ2011ពាក់ស្លាកលេខ សៀមរាប-1L-3453 បើកបរដោយឈ្មោះ សែម សំអឿន ភេទ ប្រុស អាយុ៥២ ឆ្នាំ នៅភូមិកស្សិនត្បូង សង្កាត់គោកចក ក្រុង ខេត្តសៀមរាប បានបើកបរពីទិសខាងលិចទៅទិសខាងកើតពេលដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅសេរីឆ្នាំ2020 ពាក់ស្លាកលេខ ប-មានជ័យជ-1X-9325 បើកបរដោយឈ្មោះ យឺន សុខាត់ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិអន្លង់សារ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកបរពីទិសខាងលិចទៅទិសខាងកើតស្របគ្នា ទើបបណ្តាលឲ្យគៀរគ្នាតែម្តង ។

លោកអធិការបានបញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ យឺន សុខាត់ និងអ្នករូមដំណើរឈ្មោះ ហន់ សុឃឿត ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិជាមួយគ្នា អ្នកជិះខាងក្រោយ(មានពាក់មួកសុវត្ថិភាព)ស្លាប់នៅនឹងកន្លែង និងអ្នករួមដំណើរ០១នាក់ទៀត អ្នកជិះកណ្តាល ឈ្មោះ វិន សុខេង ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិជាមួយគ្នា (មានពាក់មួកសុវត្ថិភាព) រងរបួលស្រាល ។ ចំណែកអ្នកបើកបរម៉ូតូម្ខាងទៀតឈ្មោះ សែម សំអឿន (ពាក់មួកសុវត្ថិភាព) រងរបួសស្រាល ។ មូលហេតុនៃការគ្រោះថ្នាក់នេះ អ្នកបើកបរម៉ូតូពាក់ស្លាកលេខ ប-មានជ័យ1-X-9325 មានល្បឿនលឿនគ្មានការប្រុងប្រយត្ន័ ។ ម៉ូតូទាំង០២គ្រឿងខូចខាតស្រាល កម្លាំងនគរបាលជំនាញធ្វើការវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ សពជនរងគ្រោះទាំង០២នាក់ ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់