ព័ត៌មានជាតិ

ករណីគ្រោះធម្មជាតិរន្ទះបាញ់ កម្មករធ្វើផ្លូវម្នាក់ បណ្តាលអោយស្លាប់បាត់បង់ជីវិត

កណ្តាល: នៅវេលាម៉ោង១៧និង០០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិរន្ទះបាញ់ កម្មករធ្វើផ្លូវម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ទីតាំងស្ថិតត្រង់ចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សែម សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខរបរកម្មករ ធ្វើផ្លូវ៦០ម៉ែត្រ (ក្រវ៉ាត់ក្រុងទី៣) ស្នាក់នៅក្នុងការដ្ឋាន ស្ថិតនៅក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ខ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់) ។ មានប្រពន្ធឈ្មោះ រ៉ន មុំ អាយុ៣៩ឆ្នាំ (នៅស្រុកកំណើត) មានកូនប្រុសចំនួន០២នាក់៖ ១-ឈ្មោះ សែម សុខជាតិ អាយុ១៩ឆ្នាំ ។ ២-ឈ្មោះ សែម សុខជីង អាយុ១៧ឆ្នាំ (មកធ្វើការជាមួយ) ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺពីឈ្មោះ សែម សុខជីង ភេទប្រុស (ត្រូវជាកូនបង្កើតជនរងគ្រោះ) បានឲ្យដឹងថា: នៅវេលាម៉ោងកើតហេតុខាងលើ ក្រោយពីចប់ម៉ោងការងារខ្លួននឹងជនរងគ្រោះជាឪពុក បាននាំគ្នាដើរសំដៅមកកន្លែងការដ្ឋាន ដើម្បីសំរាក ខណ:ពេលកំពុងដើរតាមផ្លូវនោះ ក៏មានភ្លៀងធ្លាក់មួយមេលាយឡំផ្គររន្ទះបាញ់ត្រូវឪពុករបស់ខ្លួន បណ្តាលឲ្យដួល ខណ:គ្រានោះដែរខ្លួនក៏ដួលជាមួយឪពុក មួយសន្ទុះ ក្រោយមកក៏បានដឹងខ្លួនឡើងវិញ ស្ទុះក្រោកឡើងឃើញឪពុកដេកដួលបាត់មាត់បាត់ក រួចក៏បានស្រែកហៅអ្នកធ្វើការជាមួយ ជួយយកឪពុកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែពេលយកមកដល់មន្ទីរពេទ្យ ជនរងគ្រោះជាឪពុកបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បានរាយការណ៍មកសម្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ សហការជាមួយកម្លាំងផ្នែកជំនាញបច្ចេកទេសកោសល្យវិច្ច័យ ក្រុមគ្រូពេទ្យអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាក់ស្តែងឃើញថា ជនរងគ្រោះបានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ បណ្តាលឲ្យស្លាប់ ហើយក្រុមគ្រួសារបានទទួលស្គាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

មតិយោបល់