ព័ត៌មានជាតិ

រថយន្ត NISSAN បុកជាមួយកង់បីឥណ្ឌាវិលមួយជុំ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេត ១ដើមទៀត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត NISSAN NAVARA ពណ៌ខ្មៅ ១គ្រឿង បានបុកជាមួយម៉ូតូកង់បីឥណ្ឌា បណ្តាលឲ្យវិលមួយជុំទៅប៉ះបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតមួយដើម សំណាងអ្នកបើកបរម៉ូតូកង់បីរបួសស្រាល។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង០០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងបំបែកជាបួន ក្បែរអគ្គិសនី ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1JH-5459 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង រហូតទៅដល់ត្រង់ចំណុចផ្លូវបំបែកជាបួនជិតផុតទៅហើយ ភ្លាមៗនោះក៏មានរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AW-0919 បើកបរដោយបុរសម្នាក់ដូចគ្នាក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យជ្រុលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីឥណ្ឌា វិលមួយជុំជ្រុលទៅប៉ះបង្កោលភ្លើងបំភ្លឺផ្លូវរបស់បុរីដែលនៅក្បែរនោះទ្រេតមួយដើមផងដែរ សំណាងអ្នកបើកបររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងនិងឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នាមួយជំហ៊ានសិន បើមិនត្រូវគ្នានិងឲ្យកម្លាំងជំនាញចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់