ព័ត៌មានជាតិ

រថយន្តដឹកសាំងបុកម៉ូតូ១គ្រឿងមានគ្នា៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់សង្ស័យបាក់ភ្លៅ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកសាំង មួយគ្រឿង បើកបរជ្រុលបុកម៉ូតូម៉ាកឌ្រីមសង់១គ្រឿងជិះគ្នា០៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ភ្លៅ ទីតាំងត្រង់ម្តុំស្តុបបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងជិះគ្នា៤នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលមកដល់ត្រង់ ចំណុចស្តុបបាគូរ ត្រូវរថយន្តដឹកសាំង១គ្រឿង បើកបរជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ស្រាល ។ ក្នុងហេតុការណ៍នោះ មានស្រ្តីម្នាក់សង្ស័យរងរបួសបាក់ភ្លៅ ។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់ បាននិយាយប្រាប់ឲ្យដឹងដូច្នេះថា ជនរងគ្រោះខាងលើនោះ គឺប្តីប្រពន្ធនិងកូន មានគ្នាចំនួន០៤នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នាទៅធ្វើការសំណង់មួយកន្លែង នៅម្តុំព្រែកឯង ។ ពេលជិះមកដល់ត្រង់ម្តុំស្តុបបាគូរនោះ មានរថយន្តដឹកសាំងបើកមកបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង០៤នាក់រងរបួសធ្ងន់ស្រាល ។ ចំណែកប្រពន្ធសង្ស័យបាក់ ភ្លៅ ត្រូវបានរថយន្តពេទ្យដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់