ព័ត៌មានជាតិ

អាសូរណាស់! សន្យាថានឹងទៅកាត់ខោអាវទិញស្បែកជើងពាក់ការកូន ប៉ុន្តែអកុសលជិះម៉ូតូចេញពីធ្វើការត្រឡប់មកផ្ទះវិញ ត្រូវរថយន្តកុងតឺន័រកិនស្លាប់ បន្សល់ទុកកូន ៣នាក់ ឲ្យកំព្រា

កណ្ដាលៈ នៅថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥និង៥០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ២៤.២៥ស្ថិត
នៅក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានម៉ូតូ ០១គ្រឿងម៉ាក HONDA.DREAM C110 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-2616 បើកបរដោយឈ្មោះ ជាវ សុភ័ក្ត្រ ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើកបរ ក្នុងទិសដៅភ្នំពេញ អ្នកលឿង ពេលមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានទៅបុករ៉ឺម៉កសណ្តោង ០១គ្រឿង ដែលខូចចតទុកនៅលើចិញ្ចើមផ្លូវជាតិទិសដៅស្រប ចំពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យម៉ូតូនឹងអ្នកបើកបរដួល ទៅលើផ្លូវជាតិក៏មានរថយន្ត០១គ្រឿងប្រភេទកុងទឺន័រសណ្តោងរ៉ឺម៉ក ម៉ាក HIYADAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6947 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅស្របភ្នំពេញ អ្នកលឿង បានកិនចំអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ម្ចាស់រ៉ឺម៉កសណ្តោង និងអ្នកបើកបររថយន្តរត់គេចខ្លួនបាត់មុនសមត្ថកិច្ចមកដល់ បន្សល់ទុកមធ្យោបាយនៅកន្លែងកើតហេតុ។
សាកសពអ្នកបើកបរម៉ូតូ បានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយបង្កកម្លាំងជំនាញ សណ្តាប់ធ្នាប់ចរាចរណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែងយករក្សាទុកជាភស្តុតាង។

សូមបញ្ជាក់៖ ករណីនេះ ជនរងគ្រោះជិះម៉ូតូចេញពីធ្វើការម្នាក់ឯង ត្រឡប់មកផ្ទះវិញ ប៉ុន្តែអកុសលមិនទាន់ដល់ផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តកុងតឺន័រកិនស្លាប់ បន្សល់ទុកកូន ៣នាក់ ឲ្យកំព្រា និងជិតរៀបការកូនខែក្រោយទៀត ហើយក៏បានសន្យាជាមួយកូនថា នឹងទៅកាត់ខោអាវទិញស្បែកជើង ដើម្បីទុកស្លៀកពាក់ការកូនព្រោះរៀបការកូនដំបូង។

ការសន្និដ្ឋាន៖ ករណីខាងលើបណ្តាលមកពី អ្នកបើកបររ៉ឺម៉កសណ្តោងទុករ៉ឺម៉កសណ្តោង ដែលខូចលើចិញ្ចើមផ្លូវមិនមានដាក់ភ្លើងផ្លាកសញ្ញាសម្គាល់ បណ្តាលឲ្យអ្នកបើកបរម៉ូតូមើលមិនឃើញមកបុកពីក្រោយក៏ត្រូវរថយន្តកិនស្លាប់៕

មតិយោបល់