ព័ត៌មានជាតិ

រថយន្ត១គ្រឿងម៉ាក BMW បើកបរលឿនជ្រុលបុកម៉ូតូ XR បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក BMW មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូ XR មួយគ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសបាក់ភ្លៅ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ ទីតាំងស្ថិតត្រង់ចំណុចស្តុបណត់ប្រ៊ីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក XR ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1GU-3710 ធ្វើដំណើរតាមបណ្ដោយផ្លូវណត់ប្រ៊ីត ទិសដៅពីត្បូងទៅជើង ពេលមកដល់ត្រង់ចំណុចស្តុបកើតហេតុ បានជិះឆ្លងកាត់ផ្លូវ ២០០៤ បានពាក់កណ្ដាលមានរថយន្ត១គ្រឿងម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AQ-6819 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស២នាក់ រងរបួសបាក់ភ្លៅ ត្រូវរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់