ភ្នំពេញៈ នាវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់មួយគ្រឿងបុករះ បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ចំណុចផ្លូវបែកជាបួន សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក FuSu មួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D-1641 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១ខ្សែ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបែកជាបួន ស្រាប់តែរថយន្តនេះបានបុករះជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាត ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស២ នាក់ រងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
ហេតុការណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំសង្កេតឃើញថា រថយន្ត ,Pass App និងម៉ូតូ ជាច្រើនគ្រឿងបានរងការខូចខាត ក្នុងករណីបុករះនេះ ។
នៅក្រោយពេលកើតហេតុភ្លាមៗ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ផងដែរ ។ បន្ទាប់មកបានប្រគល់រថយន្តបង្កហេតុនេះ ទៅឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ ចាំឲ្យភាគីទាំងសងខាងចូលខ្លួនដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។
ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងពីមូលហេតុច្បាស់ នូវឡើយនោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់