ព័ត៌មានជាតិ

រថយន្តបែនយីឌុបបុកម៉ូតូហុងដាឌ្រីមពីក្រោយ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ជើងម្ខាង

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសធ្ងន់បាក់ជើងម្ខាង បញ្ជូនទៅសង្រ្គោះភ្លាមៗ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណ:ពេលគេបានឃើញរថយន្តបែនយីឌុបម៉ាក ISUZU ១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-0531 បើកបរធ្វើដំណើរក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត។ ខណ:ពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ សៀមរាប 1O-5817 ដែលកំពុងបើកបរស្របគ្នា បណ្ដាលឲ្យម៉ូតូដួលហើយត្រូវរថយន្តអូសចម្ងាយប្រមាណជាង ៣០ម៉ែត្រ។

ប្រភពដដែលបានឲ្យដឹងទៀតថា ខណ:នោះសំណាងដែរដែលបុរសអ្នកជិះម៉ូតូខ្ទាតចេញផុតពីកង់រថយន្ត ប៉ុន្តែរងរបួសធ្ងន់បាក់ជើងម្ខាង ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាម។

ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍មន្ទិល និងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះធ្វើការវាស់វែងនិងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់