ព័ត៌មានជាតិ

Update៖ រថយន្តដឹកប្រេងឥន្ធនៈ PETROL បើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកប្ដី និងកូនឲ្យរស់នៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង ៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកសាំង មួយគ្រឿង បើកបរជ្រុលបុកម៉ូតូម៉ាកឌ្រីមសង់១គ្រឿងជិះគ្នា០៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ភ្លៅ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ទីតាំងត្រង់ម្តុំស្តុបបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឃឹម សុភ័ណ្ឌ ភេទស្រី អាយុ ៣១ឆ្នាំ (ស្លាប់) ស្រុកកំណើតនៅភូមិអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ផ្ទាល់ បាននិយាយប្រាប់ឲ្យដឹងដូច្នេះថា ជនរងគ្រោះខាងលើនោះ គឺប្តីប្រពន្ធនិងកូន មានគ្នាចំនួន០៤នាក់ បានជិះម៉ូតូ១គ្រឿងឌុបគ្នាទៅធ្វើការសំណង់មួយកន្លែង នៅម្តុំព្រែកឯង ។ ពេលជិះមកដល់ត្រង់ម្តុំស្តុបបាគូរនោះ មានរថយន្តដឹកសាំងបើកមកបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង០៤នាក់រងរបួសធ្ងន់ស្រាល ។ ចំណែកប្រពន្ធសង្ស័យបាក់ ភ្លៅ ត្រូវបានរថយន្តពេទ្យដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់