ព័ត៌មានជាតិ

រថយន្ត ៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យរងខូចខាត

ភ្នំពេញ: នាវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តឡង់គ្រីស័រ បើកលឿនជ្រុលបុកពីក្រោយរថយន្តព្រូស និងរុញទៅបុកពីក្រោយរថយន្តកូរ៉ូឡាស៊េរីឆ្នាំ២០២២ ដែលកំពុងឈប់រង់ចាំស្តុបសញ្ញាចរាចរណ៍ ស្ថិតត្រង់ចំណុចស្តុបអតីតរង្វង់មូលទួលគោក តាមបណ្ដោយផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាកូរ៉ូឡាស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-5399 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានឈប់រង់ចាំស្តុបសញ្ញាចរាចរណ៍ហើយក៏មានរថយន្ដមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-7935 បើកបរដោយស្ត្រីម្នាក់ស្របទិសដៅគ្នា និងបានទៅឈប់ពីក្រោយរថយន្តកូរ៉ូឡា ខណ:ពេលនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក ឡង់គ្រីស័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ រដ្ឋ132-3699 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាតាមពីក្រោយរថយន្តតូយ៉ូតាព្រូស និងក្នុងល្បឿនលឿន រួចជ្រុលទៅបុកពីក្រោយរថយន្តតូយ៉ូតាព្រូស និងរុញរថយន្តតូយ៉ូតាព្រូសទៅបុកពីក្រោយរថយន្តកូរ៉ូឡា បណ្តាលឲ្យខូចខាតបន្តិចបន្តួច រីឯរថយន្តតូយ៉ូតាព្រូសបានរងការខូចខាតក្រពឹតកាងខាងក្រោយ ចំណែកឯរថយន្តឡង់គ្រីស័ររងការខូចខាតផ្នែកខាងមុខ។ បន្ទាប់មកដោយម្ចាស់រថយន្តកូរ៉ូឡាមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏បើករថយន្តចេញទៅបាត់ដោយមិនទាមទារសំណងអ្វីនោះទេ។

ក្រោយពេលកើតហេតុភាគីទាំងពីរ បានចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តឡង់គ្រីស័រ ក៏ព្រមយករថយន្តតូយ៉ូតាព្រូសទៅជួសជុលឲ្យឡើងវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់