ព័ត៌មានជាតិ

បុរសម្នាក់សាកបើករថយន្ត RANGER OVER របស់ភ្ញៀវ ស្រាប់តែបែកកង់ រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវ រងការខូចខាត

ភ្នំពេញ: នាវេលាម៉ោង ៣និង៤០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្ត RANGER OVER មួយគ្រឿងដែលភ្ញៀវយកមកដាក់ធ្វើ ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបាក់អស់មួយកង់ ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចខាងមុខបណ្ណាល័យហុនសែន តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក RANGER OVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7577 ធ្វើដំណើរតាមបណ្ដោយ៥៩៨ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់មួយផ្ទាំង ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង។

បើតាមសម្តីពីបុរសជាអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ឲ្យដឹងថា រថយន្ដនោះមិនមែនជារថយន្តរបស់គេទេគឺជា រថយន្ដរបស់ភ្ញៀវដែលខូចហើយបានឲ្យរូបគេបើកសាក ខណ:ពេលដែលបើកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់រួចរថយន្តក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវតែម្ដង។

ក្រោយពេលកើតសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់