ភ្នំពេញៈ នាវេលាម៉ោង ២និង២០នាទីយប់អាធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់បើករថយន្តព្រូស បុកគ្រឿងចក្រជួសជុលផ្លូវ បណ្ដាលឲ្យរងការខូចខាត លើស្ពានអាកាស៥មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-8985 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ហើយបានបើកឡើងស្ពានអាកាស៥មករា លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានជ្រុលទៅបុកគ្រឿងចក្រជួសជុលផ្លូវមួយគ្រឿង ដែលបើកឡើងស្ពានអាកាស៥មករា ក្នុងទិសដៅបញ្រ្ចាសទិសចរាចរណ៍ បណ្ដាលឲ្យរថយន្តតូយ៉ូតាព្រូសរងការខូចខាតក្រពឹតកាង ផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ និងអ្នកបើកបររថយន្តចុះលើរថយន្តរួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ចំណែកឯគ្រឿងចក្រជួសជុលផ្លូវនោះមិនបានឈប់នោះទេបែរជាបន្ថែមល្បឿន បើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕
មតិយោបល់