ព័ត៌មានជាតិ

រថយន្តកូរ៉េបើកបរបុកម៉ូតូ២គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ រួចបើកគេចខ្លួនបាត់ស្រមោល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តកូរ៉េ បើកបុកជាមួយម៉ូតូហុងដាឌ្រីម រួចខ្ទាតទៅត្រូវម៉ូតូហុងដាស្ស៊ូម័រ មួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបើកគេចបាត់ស្រមោល ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា គេបានឃើញរថយន្តកូរ៉េ ពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DO-8241 ដែលបើកបរក្នុងទិសដៅកើតទៅលិច បណ្តាលឲ្យដួលខ្ទាតទៅត្រូវម៉ូតូហុងដាស្ស៊ូម័រ ពាក់ស្លាកលេខ 1GF-3181 ដែលបើកស្របទិសជាមួយម៉ូតូហុងដាឌ្រីម បណ្តាលឲ្យដួលរងរបួសម្ចាស់ទាំង២ ចំណែកម៉ូតូក៏រងការខូចខាត ជិះលែងកើតដូចគ្នា ។
បន្ទាប់ពីកើតហេតុភ្លាមៗ ម្ចាស់ម៉ូតូទាំង២នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ដោយរថយន្តបើកគេចបាត់ទៅហើយ ទើបជនរងគ្រោះទាំង២នាក់ បានត្រឹមព្យាបាលរបួស និងជួសជុលម៉ូតូដោយខ្លួនឯង ៕

មតិយោបល់