ព័ត៌មានជាតិ

សំណាងមិនត្រូវមនុស្ស! រថយន្តដឹកឥដ្ឋការ៉ូបើកគេចម៉ូតូឆ្លងផ្លូវ រេចង្កូតទៅបុកសំយ៉ាបផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តកូរ៉េដឹកការ៉ូ មួយគ្រឿង បានបើកគេចម៉ូតូកំពុងបើកឆ្លងផ្លូវ ដល់ត្រង់ចំណុចផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកចូលសំយ៉ាបផ្ទះមួយកន្លែង បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែសំណាងល្អពុំមានអ្នករងរបួសនោះឡើយ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថី ឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ១គ្រឿង ពាក់ស្លាកលេភ្នំពេញ 3A-8838 ដឹកឥដ្ឋការ៉ូ ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួន បានវាក់ជាមួយម៉ូតូ១គ្រឿងបើកឆ្លងផ្លូវកាត់មុខ ។

ប្រភពដដែលបានប្រាប់បន្តទៀតថា ខណ:នោះដោយខ្លាចបុកម៉ូតូ ទើបអ្នកបើកបររថយន្តបួងចង្កូតគេចចេញ បណ្ដាលឲ្យរេចង្កូតជាន់ហ្រ្វាំងមិនជាប់ ក៏ជ្រុលទៅបុកចូលសំយ៉ាបផ្ទះ មួយកន្លែង ស្ថិតនៅក្បែរនោះទាំងកម្រោល ។ ប៉ុន្តែជាសំណាងល្អពុំបាន បណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះឡើយ គ្រាន់តែខូចខាតសំយ៉ាបផ្ទះ និងរថយន្តនោះប៉ុណ្ណោះ ។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានសម្របសម្រួលជាមួយម្ចាស់ផ្ទះ និងចេញសងថ្លៃខូចខាតដើម្បីបញ្ចប់រឿង ៕

មតិយោបល់