ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូស្កុពីធ្លាក់ជង្ហុក បណ្តាលឲ្យដួលបោករងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ធ្លាក់ជង្ហុក បណ្តាលឲ្យដួលរងរបួសធ្ងន់ ទីតាំងត្រង់ចំណុចម្តុំស្ពានអាកាសស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូស្កុពី ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HC-2141 បើកបរ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ បានធ្លាក់ជង្ហុកដួលរងរបួ សធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានមន្រ្តីចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិ និត្យមើល ។ បន្ទាប់មកបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទំនប់ទឹក ដើម្បីរង់ចាំ ប្រគល់ឲ្យសាច់ញាតិជនរងគ្រោះយកត្រលប់ទៅវិញ ។

យោងតាមប្រភពព័ត៌មានពីអ៊ំប្រុសម្នាក់ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ គាត់បាននិយាយប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំឲ្យដឹងដូច្នេះថា ជង្ហុកមួយកន្លែងនេះ មានអ្នកជិះម៉ូតូឆ្លងកាត់ធ្លាក់ជង្ហុកដួលស្ទើររាល់ថ្ងៃ ហើយអ្នកខ្លះក៏ដួលរងរបួសស្រាល អ្នកខ្លះទៀតក៏ដួលរងរបួសធ្ងន់ ។ ដូចបុរសម្នាក់ខាងលើនោះ បានជិះម៉ូតូស្កុពីមួយគ្រឿង ធ្លាក់ជង្ហុកដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរនៅក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយធ្វើយ៉ាងណាដើម្បី លុបបំបាត់ជង្ហុកមួយកន្លែងនេះ ឲ្យបានជិតល្អ បើពុំដូច្នោះទេ ប្រជាពលរដ្ឋដែលបានជិះឆ្លងកាត់ពិតជាមានគ្រោះថ្នាក់បន្តទៀត មិនខាននោះឡើយ ។ បងប្អូនប្រជាពលរដ្ឋមានការងឿងឆ្ងល់ ដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ហើយពួកគាត់បាននិយាយត្អូញត្អែរថា ជង្ហុកដ៏តូចមួយនេះ វាមិនធំណាស់ណានោះទេ ហេតុម្តេចអាជ្ញាធរមិនព្រមបើកភ្នែកសម្លឹងមើលសោះអ៊ីចឹង បើទុកមិនព្រមលុបជង្ហុកមួយនេះ វានឹងបន្តគ្រោះថ្នាក់ទៀតជាមិនខាន ៕

មតិយោបល់