“ក្រោយពីបានបំពេញបេសកកម្មជាមួយដៃគូនិងសម្ព័ន្ធមិត្តនៅក្នុងសមុទ្ទចិនខាងកើត នាវាយោធាជើងទឹកអង់គ្លេស កំពុងបន្តដំណើរទៅលេងវៀតណាម និងទៅសួរសុខទុក្ខកងនាវិកវៀតណាម។ នេះជាសេចក្តីប្រកាសរបស់កងនាវិក HMS Richmond ដែលផ្នែកមួយនៃក្រុមនាវាចម្បាំងផ្ទុកយន្តហោះអង់គ្លេសHMS Queen Elizabeth។
បើតាមសារព័ត៌មានក្នុងស្រុក នេះជានាវាចម្បាំងអង់គ្លេសដំបូងដែល បានបើកឆ្លងកាត់តំបន់ច្រកសមុទ្ទតៃវ៉ាន់ ឬច្រកFormose ដែលពុះញែកចិនដីគោក និងតៃវ៉ាន់។ កាលពីឆ្នាំ២០១៩ អង់គ្លេសធ្លាប់បញ្ជូននាវាទៅកាន់តំបន់នេះដែរ តែជាមាននាវាល្បាតឃ្លាំមើល។
ច្រកសមុទ្ទតៃវ៉ាន់ ក៏ដូចកោះតៃវ៉ាន់ទាំងមូល ព្រមទាំងតំបន់សមុទ្ទចិនខាងត្បូងមួយភាគធំ ត្រូវបានចិនចាត់ទុកជាដែនអធិបតេយ្យរបស់ខ្លួន និងបញ្ចេញប្រតិកម្មក្រេវគ្រោធ នៅពេលមាននាវាបរទេសបើកចូលកៀកឬកាត់។ តែសហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើន បានចាត់ទុកតំបន់នេះ ជាដែនទឹកអន្តរជាតិ ដែលនាវាណាក៏អាចធ្វើចរាចរណ៍បាន។
ពីមុនមក មានតែនាវាយោធាអាមេរិកទេឧស្សាហ៍បើកបរឆ្លងកាត់តំបន់ដៃសមុទ្ទតៃវ៉ាន់ ជាងគេ។ ក្រោយមក ដោយឃើញចិនគំរាមកំហែងតៃវ៉ាន់កាន់តែខ្លាំង ចង់ប្រើកម្លាំងវាយយកកោះ នាវាចម្បាំងបារាំង កាណាដា អូស្ត្រាលី ឬអង់គ្លេស ក៏នាំគ្នាបើកបរតាមផ្លូវច្រកសមុទ្ទនោះដែរ ជាហេតុធ្វើឱ្យចិនខឹងយ៉ាងខ្លាំង។
ចិនបានបង្កើនសម្ពាធ យោធា ការទូត និងសេដ្ឋកិច្ច លើតៃវ៉ាន់ យ៉ាងខ្លាំងតាំងពី លោកស្រី សៃ អ៊ីនវេន ក្លាយជាប្រធានាធិបតីតៃវ៉ាន់ នៅឆ្នាំ២០១៦មក។ កាលពីឆ្នាំទៅ ចិនបានបញ្ជូនយន្តហោះចម្បាំងហោះឆ្វែលនិងរំលោភចូលដែនអាកាសតៃវ៉ាន់ចំនួន ៣៨០លើកនិងជាង៤០០លើកទៅហើយសម្រាប់៨ខែដំបូងនៃឆ្នាំ២០២១នេះ៕
មតិយោបល់