ព័ត៌មានជាតិ

Update៖ សង្ស័យភ្លើងប្រច័ណ្ឌ សង្សារមួយគូដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យបុរសសម្លាប់ស្រ្តីរួច សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ: គូសង្សារ១គូ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែង ដោយស្រីមានស្នាមរបួសបែកមុខ រីឯខាងប្រុសមានស្នាមរបួសក ដែលគេសង្ស័យថាបុរសបានវាយសម្លាប់ស្រ្តីរួច ទើបអារកសម្លាប់ខ្លួនឯងតាមក្រោយ ដែលគេបានសង្ស័យថាផ្ដើមចេញពីរឿងប្រច័ណ្ឌ ។

ហេតុការណ៍ខាងលើបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅក្នុងបន្ទប់លេខ១៦ ជាន់ទី២ ក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ វឿន សីហា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានស្នាមរបួសបែកមុខ ។ នាងមានបងប្អូន៥នាក់ និងមានឪពុកឈ្មោះ អ៊ន សាវឿន អាយុ៣៩ឆ្នាំ មុខរបរកសិករ ព្រមទាំងម្តាយឈ្មោះ ឃុន ធឿន អាយុ៤១ឆ្នាំ មុខរបរកសិករ ។ ចំណែកបុរសជាគូសង្សារ មានអាយុជាង ២០ ឆ្នាំ និងមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ជនខាងលើមានស្នាមរបួសត្រង់ក ។

បើតាមស្រ្តីឈ្មោះ យិន ភឿន អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិជីកក្តាម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បាននិយាយថា ស្ត្រីរងគ្រោះគឺជាក្មួយស្រីបង្កើរបស់នាង ហើយកាលមុនបានស្នាក់នៅបន្ទប់ជួលជាមួយនាង ។ ប៉ុន្តែក្រោយមកក៏បានសុំនាងទៅស្នាក់នៅ បន្ទប់ជួលផ្សេងវិញតែស្ថិតនៅជិតនោះដែរ ហើយចាប់តាំងពីក្មួយស្រីទៅរស់នៅបន្ទប់ផ្សេង នាងខានជួបក្មួយ៣ថ្ងៃមកហើយ ។

ស្រ្តីរូបនេះបាននិយាយបន្តទៀតថា ថ្វីដ្បិតតែអត់បានជួបគ្នា នាងបានខលរកក្មួយដែរ ប៉ុន្តែខលអត់ចូលសោះ ទើបនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ នាងក៏បានទៅតាមរកមើលក្មួយ ។ ពេលទៅដល់នាងបានគោះទ្វារហៅតែមិនឮក្មួយឆ្លើយសោះ ឯទ្វារបន្ទប់ជាប់គន្លឹះ និងមានធុំក្លិនស្អុយចេញពីក្នុងបន្ទប់នោះថែមទៀតផង ហើយដោយមានការសង្ស័យ នាងក៏បានពឹងអ្នកជិតខាងជួយគាស់ បើកបង្អួចបន្ទប់មើលក៏ស្រាប់តែឃើញក្មួយស្រី និងសង្សារដេកស្លាប់ហើមស្អុយបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ និងខណ្ឌកំបូលព្រមទាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច្ច័យ តែពុំទាន់អះអាងឲ្យដឹងថាជារឿងអ្វីពិតប្រាកដនៅឡើយ ៕

មតិយោបល់