ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន បួងចង្កូតគេចម៉ូតូជ្រុលទៅបុកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តToyota Prius មួយគ្រឿង ក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់៣កង់ រថយន្តរងការខូចខាតស្ទើរទាំងស្រុង ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្បែរគល់ស្ពានអាកាសចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយច្រើននាក់ បានបើករថយន្តToyota Prius ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BF-7186 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ក្បែរនឹងគល់ស្ពានអាកាសចោមចៅខាងកើត បានបួងចង្កូតគេចពីម៉ូតូ មួយគ្រឿងមិនចាំម៉ាក ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៣កង់ ។ ចំណែកឯរថយន្តបង្កបាន រងការខូចខាតខាងមុខ ស្ទើរទាំងស្រុង ក្នុងហេតុការណ៍នេះ គ្មានមនុស្សរបួសនោះទេ ។ ភ្លាមៗនោះ តៃកុងរថយន្តនិងអ្នករួមដំណើរជាមួយ បានចុះរត់គេចខ្លួន បាត់ស្រមោល ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅត្រួតពិនិត្យមើល ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយ នៅពេល ក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់