ព័ត៌មានជាតិ

អូស្រ្តាលីផ្អាកជើងហោះហើរ មកពីឥណ្ឌាដោយសារបារម្ភពីកូវីដ-១៩

 

(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morrison បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងផ្អាករាល់ជើងហោះហើរដឹកអ្នកដំណើរទាំងអស់ ដែលហោះត្រង់មកពីប្រទេសឥណ្ឌា ចាប់ពីពេលឥឡូវរហូតដល់ថ្ងៃទី១៥ ខែឧសភា ខណៈការឆ្លងរាតត្បាតនៃជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកមួយនេះ។

ប្រទេសឥណ្ឌា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗជាង៣០ម៉ឺនករណី សម្រាប់រយៈពេល០៦ថ្ងៃជាប់ៗគ្នា ហើយគិតត្រឹមថ្ងៃអង្គារនេះ ខណៈអ្នកស្លាប់ថ្មីៗចំនួន ២,៧៧១នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ប៉ុន្តែអ្នកជំនាញផ្នែកសុខាភិបាលជឿថា ចំនួនករណីជាក់ស្តែង អាចខ្ពស់ជាងនេះ។

កាលពីសប្តាហ៍មុន ប្រទេសអូស្រ្តាលី ធ្លាប់បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនពលរដ្ឋអូស្រ្តាលី ដែលអាចវិលត្រឡប់ពីប្រទេសឥណ្ឌា និងបណ្តាប្រទេសដែលស្ថិតក្នុងតំបន់ក្រហមផ្សេងទៀត ដើម្បីទប់ស្កាត់នឹងហានិភ័យ នៃការឆ្លងរីករាលដាលជំងឺ COVID-19 ខ្លាំងឡើងវិញនៅក្នុងប្រទេស។ ក្រៅពីអូស្រ្តាលី ប្រទេសជាច្រើនទៀតដូចជា សហរដ្ឋអាមេរិក, កាណាដា, គុយវ៉ែត និងហូឡង់ជាដើមក៏បានប្រកាសផ្អាកជើងហោះហើរមកពីឥណ្ឌាផងដែរ៕

AFP៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

 

មតិយោបល់