ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ ឆក់បានទូរស័ព្ទតម្លៃជិត២០០ដុល្លារ ប៉ុន្តែស៊យបន្សល់ទុកម៉ូតូហុងដាឌ្រីម១គ្រឿងវិញ

ភ្នំពេញ: ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីស្ត្រីដែលជាកម្មការិនីរោងចក្រម្នាក់ បានសម្រេច ប៉ុន្តែស៊យត្រូវបានអ្នកបើកម៉ូតូកង់បីឃើញ បើកបុកបណ្ដាលឲ្យដួលរួចងើបរត់បាត់ស្រមោល បន្សល់ទុកម៉ូតូនៅទីតាំងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៤០ នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីស្ត្រីជាម្ចាស់ទូរស័ព្ទ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរថ្មើជើង ក្នុងទិសដៅពីលិចទៅកើតក្នុងបំណងទៅធ្វើការវិញ ស្របពេលនោះក៏មានជនសង្ស័យ២នាក់ ដែលជិះម៉ូតូម៉ាកឌ្រីមសង់បិទតែមស៊េរីឆ្នាំ 2015 ពាក់ស្លាកលេខភ្នំពេញ 1AV-4995 ធ្វើដំណើរមកពីខាងក្រោយ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Oppo មួយគ្រឿងបានសម្រេច ភ្លាមនោះក៏មានអ្នករត់ម៉ូតូកង់បីឃើញហេតុការណ៍ភ្លាមៗ ក៏បើកបំបុកជនសង្ស័យទាំងពីរនាក់ បណ្តាលឲ្យដួលម៉ូតូ រួចក៏ងើបរត់គេចខ្លួនបាត់ស្រមោល បន្សស់ទុកម៉ូតូនៅទីតាំងកន្លែងកើតហេតុតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង យកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាល និងទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដើម្បីស្រាវជ្រាវរកមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់ ៕

មតិយោបល់