ព័ត៌មានជាតិ

សមត្ថកិច្ចបង្រ្កាបទីតាំងហាងម៉ាស្សាមួយកន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងសង្គ្រោះនារីរងគ្រោះបាន៣នាក់

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ទទួលដឹកនាំការងារការិយាល័យប្រឆាំការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំណារអនុញ្ញាតឲ្យបង្ក្រាបជាក់ស្តែងលេខ ២០៩ អ.យ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ របស់អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ព្រមទាំងសង្គ្រោះជនរងគ្រោះបានចំនួន ០៣នាក់ ស្រី (អនីតិជន០១នាក់) និងភ្ញៀវចូលមកម៉ាស្សា នៅចំណុចហាង ស្រីល័ក្ខ កំពង់ចាម នៅផ្ទះលេខ A1 ផ្លូវ៥០១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ ប៉ែន សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា (ប្តី)
២-ឈ្មោះ ដន់ ស្រីល័ក្ខ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) ។

វត្ថុតាងដកហូត៖ ស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ, ជនរងគ្រោះចំនួន០៣នាក់ ស្រី (អនីតិជន០១នាក់) បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និងភ្ញៀវចំនួន០២នាក់ ប្រុស អនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ ៕

មតិយោបល់