ព័ត៌មានជាតិ

កម្លាំងនគរបាលពីរខេត្ត សហការគ្នាបង្ក្រាបជនសង្ស័យម្នាក់ លួចម៉ូតូស្កុពីពលរដ្ឋមួយគ្រឿង

បាត់ដំបងៈ ដោយអនុវត្តន៍ តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ និងមានការសម្រប សម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិសំបួរ ឃុំ សំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការ ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចុះប្រតិបត្តិការបង្ក្រាបករណីលួច ( យកម៉ូតូ ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហៀង រ៉ាវី ភេទប្រុស អាយុ៣៩ ឆ្នាំ មានទីលំនៅ ភូមិ អូរឫស្សី សង្កាត់ អូរឫស្សី ក្រុងក្រចេះ ខេត្ត ក្រចេះ ។

ជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ លីន បូរុំ ភេទស្រី អាយុ៥៥ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ប្រហែល១៤និង៣០ នាទី នៅ ចំណុចផ្ទះរបស់ជនរងគ្រោះ ។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូមួយគ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AJ 6425 ( ជា របស់ជនរងគ្រោះ ) ។

បច្ចុប្បន្ន វត្ថុតាងបានប្រគល់អោយទៅជនរងគ្រោះវិញ ចំណែកជនសង្ស័យ ការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់