ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនីមួយកន្លែង បង្កជាអគ្គិភ័យកើតឡើង ឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: នៅវេលាម៉ោង0៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីទុស្សេចរន្តអគ្គិសនីមួយកន្លែង បង្កជាអគ្គិភ័យកើតឡើង ឆាបឆេះបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីអគ្គិភ័យខាងលើ បើយោងតាមការបញ្ជាក់ប្រាប់របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុនោះ ពួកគាត់បាននិយាយថា មុនដំបូងគាត់បានឮស្នូរផ្ទុះចរន្តអគ្គិសនីលាន់សូរផែសបែកផ្កាភ្លើងព្រៀក បន្ទាប់មកក៏បង្កកើតឡើងជាអគ្គិភ័យ ឆាបឆេះខ្សែបង្គោលភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ។

ករណីខាងលើនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ដែរ ប៉ុន្តែមិនអាចធ្វើឲ្យភ្លើងរលត់បាននោះទេ ហើយក៏បានទាក់ទងទៅសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ។ បន្ទាប់មកក៏មានរថយន្តពន្លត់អគ្គិភ័យចេញមក ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ទើបភ្លើងដែលឆាបឆេះយ៉ាងសន្ធសន្ធៅនោះ បានរលត់ទៅវិញជាស្ថាពរ ដោយពុំមានឆេះរាលដាលបន្តទៀតឡើយ ៕

មតិយោបល់