ភ្នំពេញៈ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ករណីជំនន់ទឹកភ្លៀងបានជន់លិចដងផ្លូវ អាជ្ញាធរនៅក្នុងមូលដ្ឋាន បានចេញអន្តរាគមន៍ ជួយសម្រួលចរាចរណ៍ ដល់បងប្អូនប្រជាពលដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ ទីតាំងស្ថិតនៅម្តុំភូមិត្នោតជ្រុំ៥ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសេចក្តីរាយការណ៍ព័ត៌មានផ្ទាល់ ពីក្រុមភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា ករណីភ្លៀងបានធ្លាក់មកមួយមេយ៉ាងធំទាំងព្រឹកព្រលឹម បណ្តាលឲ្យទឹកជន់លិចផ្លូវនៅម្តុំភូមិត្នោតជ្រុំ៥ ពិបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចរាចរណ៍ឆ្លងកាត់នៅតំបន់នោះ ។ បើអាចរកផ្លូវផ្សេងវាងបាន សូមជ្រើសរើសផ្លូវធ្វើដំណើរកន្លែងផ្សេង ។
ករណីជំនន់ទឹកភ្លៀងខាងលើនោះ យោងតាមការឲ្យដឹងពីអាជ្ញាធរនៅក្នុងមូលដ្ឋានបានបញ្ជាក់ប្រាប់ថា បណ្តាលមកពីសំរាមកកស្ទះ នៅមាត់លូធ្វើឲ្យចរន្តទឹកហូរធ្លាក់ចូលទៅក្នុងប្រព័ន្ធលូបង្ហូរទឹកមានល្បឿនយឺត ។ អាជ្ញាធរនៅទីកន្លែងនោះ បានចុះមកយ៉ាងសស្រាក់ សស្រាំ ជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ និងបានប្រមូលយកសំរាម ដែលរសាត់រប៉ាត់រប៉ាយពាស ពេញផ្លូវសាធារណៈនោះ យកមកដាក់ឲ្យបានត្រឹមត្រូវ ។
អាជ្ញាធរនៅក្នុងមូលដ្ឋានមានលោកចៅសង្កាត់ជាដើម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាធ្វើយ៉ាងម៉េចរៀបចំវេចខ្ចប់ទុកដាក់ សំរាមឲ្យបានត្រឹមត្រូវ ។ បើពុំដូច្នោះទេ សំរាមវានឹងរសាត់រាត់រាយ ហើយពេលណាដែលមានភ្លៀងធ្លាក់មកម្តងៗ ទឹកបានហូរនាំមក ជាមួយបណ្តាលឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ឬក៏ទឹកហូរយឺត និងធ្វើឲ្យមានជំនន់ទឹកភ្លៀងកើតឡើងជាដើម ៕
មតិយោបល់