ភ្នំពេញៈ នាវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តហាយលែនឌ័រ បុកម៉ូតូហុងដាឌ្រីម មួយគ្រឿង នៅផ្លូវបែកជាបួនពេញទំហឹង ខ្ទាតទៅបុក PassApp រុញទៅបុកផ្ទុបនឹងរថយន្ត AUDI Q5 ចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣១៣ កែងនឹងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញចិនម្នាក់ បើករថយន្តម៉ាក ហាយលែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-5510 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ ទិសដៅពីកើតទៅលិច មកល់ចំណុចត្រង់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវ៣១៣ បានពាក់កណ្ដាលស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-3443 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៣ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តហាយលែនឌ័រពេញទំហឹង ធ្វើឲ្យរថយន្តជ្រុលចង្កូតទៅបុកម៉ូតូ PassApp មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-4760 បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នាជាមួយរថយន្ត រុញទៅបុកផ្ទុបរថយន្តមួយគ្រឿងទៀតម៉ាក AUDI Q5 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9907 ឈប់ចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំជាច្រើនគ្រឿង និងមានអ្នករងរបួស ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕







មតិយោបល់