ព័ត៌មានជាតិ

បុរស ២នាក់ រថយន្តតូយ៉ូតាព្រូស បើកបុកបង្គោលភ្លើងថ្ម បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តព្រូសមួយគ្រឿង បុកស្លាកប៉ាណូ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវវ៣៥៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BS-4128 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៥៥ ទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុដែលជាផ្លូវកោងរថយន្តនោះមិនប្រយ័ត្ន ក៏បានជ្រុលទៅបុកស្លាកប៉ាណូរបស់ធនាគារអ៊ូវីមួយផ្ទាំង បណ្ដាលឲ្យរងការខូចខាតហើយរថយន្តនោះក៏បន្តទៅបុកបង្គោលភ្លើងថ្ម រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច បន្ទាប់មកអ្នកបើកបររថយន្តទាំងពីរ ក៏បាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញក៏បានចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី៕

មតិយោបល់