ភ្នំពេញៈ នាវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូលឿនវ៉ាជែងជ្រុលទៅបុករថយន្តToyota Prius មួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២៨ កែងនឹងផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-0517 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨ មានទិសដៅពីកើតទៅលិច ពេលមកដល់ត្រង់ចំណុចកើតហេតុ បានបើកបត់ឆ្វេងឆ្លងផ្លូវ ចូលទៅផ្លូវបេតុងច្រកមណ្ឌលសុខភាពភ្នំពេញថ្មី ពេលនោះស្រាប់តែមានម៉ូតូហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FX-0093 ជិះដោយបុរសម្នាក់ ស្របទិសដៅគ្នាតាមពីក្រោយរថយន្ត និងព្យាយាមបើកវ៉ាជែងខាងឆ្វេងរថយន្តដោយមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត បណ្ដាលឲ្យម៉ូតូដួលខ្ទាតទៅចិញ្ចើមផ្លូវ និងម្ចាស់ម៉ូតូបានដួលបាក់កស្លាប់បាត់បង់ជីវិតមួយរំពេច នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម ។ ជនរងគ្រោះឈ្មោះ វី ស៊ីដេត សមត្ថកិច្ចមិនទាន់រកសាច់ញាតិឃើញ បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ។
នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕
មតិយោបល់