ព័ត៌មានជាតិ

យុវជន​ម្នាក់គ្រូពេទ្យជួយសង្រ្គោះទាន់ពេល បន្ទាប់ពី​​ពស់​ស្រកា​ចាស់​ចឹក ​ពេលកំពុងដើរ​បិទទ្វារ​ទ្រុងមាន់​

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ត្រូវ​បាន​ពស់​ស្រកា​ចាស់​ចឹក​ ខណៈ​កំពុង​ដើរ​បិទទ្វារ​ទ្រុងមាន់​ តែ​ក្រោយ​កើតហេតុ​ភ្លាមៗ ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាន់​ពេលវេលា​ ។​

​ករណី​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២០​និង​១២​នាទី​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២២​ នៅ​ឯ​ចម្ការ​មួយ​កន្លែង​ នៅ​ត្រើយម្ខាង​នៃ​ស្ទឹង​ថ្មពួក​ ចំណុច​គោក​ចាស់​ ស្ថិត​ក្នុងភូមិ​អ្នកតា​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស្វាង​ វិចិត្រ​ ភេទ​អាយុ​១៨​ឆ្នាំ​ រស់នៅភូមិ​អ្នកតា​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ។​

​លោក​ ដា​ ឈាន​ អតីត​មេឃុំ​ថ្មពួក​ បាន​ឲ្យ​ដឹង​ថា​ ដោយសារ​សុខភាព​ក្មួយ​ប្រុស​រឹង​មាំ​ផង​ ហើយ​មាន​ស្មារតី​មិន​តក់ស្លុត​ គេ​បាន​វាយ​សម្លាប់​ពស់​នោះ​ ហើយ​ទាក់ទង​មក​អ្នក​ជួយ​សង្គ្រោះ​ នាំ​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក​ទាន់​ពេល​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្នុង​ចំណោម​ស្រុក​ក្រុង​ទាំង​៩ ​នៃ​ខេត្តបន្ទាយមានជ័យ​ មាន​ចំនួន​ជន​រង​គ្រោះ​ដោយ​ពស់​ចឹក​ពី​៧០​ទៅ​ជាង​២០០​នាក់​ក្នុង​១​ឆ្នាំៗ​ ។​ ក្នុង​នោះ​នៅ​ស្រុក​ថ្មពួក​មាន​អត្រា​ពស់​ចឹក​ច្រើន​ជាងគេ​ ៕

មតិយោបល់