ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងរបួសបែកមុខ និងបែកមាត់ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណ:ជិះម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្រ្វាំងមុខ បណ្ដាលឲ្យដួលបោកផ្ទប់និងថ្នល់។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ១គ្រឿងម៉ាក យ៉ាម៉ាហាស៊ីរូស ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-5370។ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុពុំដឹងថា វាក់ជាមួយអ្វីទេ គាត់បានចាប់ហ្រ្វាំងមុខបន្ថយល្បឿន បណ្ដាលឲ្យដួលបោកផ្ទប់ទៅ និងថ្នល់រងរបួសដៃជើងបែកមុខ និងបែកមាត់។

ប្រភពដដែលបាននិយាយទៀតថា ក្រោយពេលកើតហេតុអ្នកភូមិបាននាំគ្នាសែងបុរសនេះដាក់លើបង់ និងធ្វើការសង្រ្គោះបឋមរួចទូរស័ព្ទហៅរថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ព្រមទាំងរាយការណ៍ជូននគរបាលប៉ុស្តិ៍កន្ទោក ចុះទៅនាំយកម៉ូតូទៅរក្សាទុកនិងស្រាវជ្រាវរកសាច់ញាតិបុរសនោះផងដែរ៕

មតិយោបល់