ភ្នំពេញៈ នាវេលាម៉ោង០១និង២៩ នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងគួរឲ្យព្រឺខ្លាច រ៉ឺម៉កបើកវ៉ាជែង ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកពីក្រោយ និងជ្រុលទៅបុកម៉ូតូគប់ជ្រុងមួយគ្រឿតទៀត បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ម្តុំស្តុបបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញម៉ូតូរ៉ឺម៉កមួយគ្រឿង បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ម្ចាស់រ៉ឺម៉កបានបើកវ៉ាជែង ដោយខ្វះការប្រុងប្រយ័ត្ន ខណៈកំពុង បើកវ៉ាមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងមិនចាំស្លាកលេខ បានបុកពីក្រោយរ៉ឺម៉កម៉ូតូ ហើយជ្រុលទៅបុកម៉ូតូគប់ជ្រុងមួយគ្រឿង ទៀតពេញទំហឹង ។ ក្នុងហេតុការណ៍នេះ ម្ចាស់ម៉ូតូរ៉ឺម៉កបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ចំណែកម្ចាស់ម៉ូតូគប់ជ្រុងនោះ វិញបានរងរបួសធ្ងន់ ។ ចំណែករថយន្តក្រឡុងស៊ីម៉ងត៍នោះវិញ បន្ទាប់ពីកើតហេតុភ្លាមៗ បានបើករត់គេចខ្លួនបាត់ស្រមោល ដោយសុវត្ថិភាព ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋបានចុះមកអន្តរាគមន៍ភ្លាមៗ ផងដែរ ។ បន្ទាប់មកបានធ្វើកំណត់ហេតុ និងបានធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ទៅតាមនីតិវិធីផ្លូវច្បាប់ ។
ដោយឡែកសាកសពជនរងគ្រោះខាងលើនោះ មិនទាន់ស្គាល់អត្តសញ្ញាណនូវឡើយ ហើយសមត្ថកិច្ចបាននឹងកំពុងស្វែងរក សាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯជនរងគ្រោះម្នាក់ទៀត ត្រូវក្រុមគ្រួសារ នាំយកទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះផងដែរ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Pots News យើងខ្ញុំមិនទាន់ដឹងច្បាស់ពីចំ ណាត់ការរបស់សមត្ថកិច្ចយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕
មតិយោបល់