ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យដួលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង៤០នាទី ផ្លូវលេខ៥៧B ចំណុចក្រុមទី១០ ភូមិ បឹងពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតបានឡើងរវាងរថយន្ត និងងម៉ូតូ បណ្តាលអោយមនុស្ស០១នាក់ស្លាប់បាត់បង់ជីវិត ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង ដោយម៉ូតូ០១គ្រឿង ម៉ាកហុងដា Zoomer (ហ្សូមមើ) ពណ៌ក្រហមស ពាក់ស្លាកលេខ បាត់ដំបង 1P-8369 អ្នកបើកបរឈ្មោះ ទូច អុំតាក់ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិស្ពានទំនៀប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបើកក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ បានបើករ៉េទៅបុករថយន្ត០១គ្រឿង ដែលបើកបរច្រាស់ទិសគ្នា បណ្ដាលអោយដួលស្លាប់ នៅកន្លែងកើតហេតុ ។ រថយន្តនោះម៉ាកលុចស៊ិស GS300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-6118 អ្នកបើកបរ (រត់គេចពីកន្លែងកើតហេតុ) ។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ខេត្ត សហការជាមួយសមត្ថកិច្ចជំនាញស្រុក បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង បានអោយដឹងថាមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងម៉ូតូបើកបរក្នុងល្បឿន លឿនមិនប្រកាន់ស្ដាំ និងមិនពាក់មួកសុវត្ថិភាព ។

បច្ចុប្បន្ន នគរបាលជំនាញរួចដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ដ ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់