ភ្នំពេញៈ នាវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា បើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Toyota Prius មួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ទីតាំងស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុប២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្ត Toyota Prius មួយគ្រឿង មិនចាំស្លាកលេខបើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវ២០១១ ក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ត្រង់ចំណុចកើតហេតុ បានបើកឆ្លងស្តុបចរាចរណ៍ ពណ៌ខៀវ បម្រុងនឹងជិះកាត់តាមបណ្តោយផ្លូវ២០០៤ ពេលឆ្លងបានពាក់កណ្តាលផ្លូវ ស្រាប់តែឃើញបុរសពីរនាក់ ជិះម៉ូតូហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AC-2732 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន មកដល់កន្លែងកើតហេតុ ត្រង់ចំណុចស្តុប២០០៤ មិនបង្អង់ក៏ជ្រុលទៅបុករថយន្ត Toyota Prius ពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ម្នាក់ឈ្មោះ ប៉ង់ អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅស្រុកសំរោង ខេត្តតាកែវ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ រីឯរថយន្តបានបន្ថែមល្បឿន បើកទៅមុខគេចខ្លួនបាត់ស្រមោល ។ ភ្លាមៗនោះ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ ចុះវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក និងធ្វើកំណត់ហេតុប្រគល់សាកសពទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់