បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ កង សុវណ្ណ ភេទស្រី អាយុ៧៣ឆ្នាំ រស់នៅក្រុមទី០៩ ភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ថាមានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះយកម៉ូតូ) ០១លើក នៅផ្ទះរបស់ខ្លួនត្រង់ចំណុចភូមិឃុំកើតហេតុខាងលើ ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១.ឈ្មោះ រ័ត្ន ដាវ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ២.ឈ្មោះ ធី រ៉ាឆេន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣.ឈ្មោះ ស៊ិន រ៉ូត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឆ្កែកូន ឃុំគោក ឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបង ។ ចំពោះជនសង្ស័យឈ្មោះ រ័ត្ន ដាវ៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ មានដីកាបញ្ជាឱ្យចូលខ្លួនលេខ ៤១៥តព្រ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់លោក ឡេង វណ្ណារិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ពីបទលួចមានស្ថានទម្ងន់ទោសដោយសារគាស់ទំលុះទំលាយ ប្រព្រឹត្តិនៅចំនុចបឹងស្នួល ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ។
សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ ។ ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ឈ្មោះ រ័ត្ន ដាវ៉ាន់ ភេទប្រុស បានទទួលម៉ូតូដូចភិនភាគខាងលើ ពីឈ្មោះ សាក់ ភេទប្រុស និងឈ្មោះ ពេជ្រ ភេទប្រុស រស់នៅភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយបានពឹងអោយឈ្មោះ ចែ រ័ត្ន ភេទស្រី ជួយលក់បន្តបានតំលៃ ១១,០០០បាត ខ្លួនបានទទួលលុយ ១,០០០បាត ។
ជនសង្ស័យឈ្មោះ ធី រ៉ាឆេន ភេទប្រុស បានសារភាពថា ខ្លួនធ្លាប់ជិះម៉ូតូដឹកជនសង្ស័យឈ្មោះ រ័ត្ន ដាវ៉ាន់ ភេទប្រុស និងឈ្មោះ ស៊ិន រ៉ូត ភេទប្រុស យកទៅទម្លាក់នៅចំណុចភូមិឆ្កែកូន ឃុំគោកឃ្មុំ ឃុំរូងជ្រៃ និងឃុំខ្នាចរមាស ស្រុកបវេល បានចំនួន០៤ ទៅ០៥លើក ។ រាល់ពេលដែលខ្លួនទៅដឹកអ្នកទាំង០២ត្រឡប់មកវិញ តែងតែមានខោអាវនិងទូរស័ព្ទ០៣ ទៅ០៤គ្រឿង នៅក្នុងកាបូបស្ពាយពីខាងក្រោយរាល់ដង ។ ឈ្មោះ ស៊ិន រ៉ូត ភេទប្រុសបានសារភាពថា ខ្លួនពិតជាបានផ្ដល់ទីតាំងអោយជនសង្ស័យឈ្មោះ រ័ត្ន ដាវ៉ាន់ នឹងឈ្មោះ ធី រ៉ាឆេន ស្នាក់នៅតែខ្លួនពុំបានធ្វើសកម្មភាពអ្វីទេ ។
នាពេលនេះ ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងនគរបាលស្រុករៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕
មតិយោបល់