ព័ត៌មានជាតិ

ព្រឺរន្ធត់ណាស់! រថយន្តបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ដាច់ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម

កំពត: នៅថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមួយលើក រវាងរថយន្តបុកនិងម៉ូតូ រួចប៉ះនឹងរថយន្ត១គ្រឿងទៀត លើផ្លូវជាតិលេខ៣ កំពត.វាលរេញ ត្រង់ចំណុចលើស្ពានថ្មី ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដែលមានទិសដៅផ្ទុយគ្នា លិច-កើត ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មានរថយន្តបង្កម៉ាកហ្វត ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BN 1019 បើកបរដោយឈ្មោះ ស៊ុយ សុខមន្នី ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិ១ សង្កាត់អូរចំណា ខេត្តព្រះសីហនុ ។ បើកក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ត្រង់ចំណុចខាងលើ បានបុកនឹងម៉ូតូ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BN2465 បើកដោយឈ្មោះ ជ្រឿង វូញើ ភេទប្រុស អាយុ២៨ឆ្នាំ (ជនជាតិវៀតណាម) ស្នាក់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ បានសា្លប់ភ្លាមៗនៅកន្លែកកើតហេតុ ។

ក្រោយពេលបុករួចរថយន្តនេះ បានជ្រុលទៅប៉ះរថយន្ត១គ្រឿងទៀតម៉ាកព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BN 8342 បើកដោយឈ្មោះ លឹម សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ បើកក្នុងទិសដៅពីកើតទៅលិច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅយកវត្ថុតាងមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត អនុវត្តទៅតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានធ្វើកំណត់ហេតុ ប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់