អាណោចអាធ័មណាស់! មនុស្ស០២នាក់បានបាត់បង់ជីវិត ដោយសារករណីលង់ទឹក
បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការនគរបាលស្រុកសង្កែ ចុះពិនិត្យទីកន្លែងហេតុ និងសាកសព ករណីមនុស្សលង់ទឹកចំនួន០២ករណី បណ្តាលឲ្យស្លាប់មនុស្សស្លាប់០២នាក់ ។
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង១៦និង០០នាទី នៅចំណុចទួលចារក្រុមទី២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ចំនួន០១នាក់ ។ ជនរងគ្រោះឈ្មោះ ជា រក្សា ភេទស្រី អាយុ៧ខែ រស់នៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្លាក់ពីលើគ្រែចូលក្នុងទឹកជម្រៅ១ម៉ែត្រ ។
កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ជា រក្សា នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
ករណីទី២ ៖ កើតឡើងនៅចំណុចភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលង់ទឹកស្លាប់ម្នាក់ ។ ជនរងគ្រោះឈ្មោះ ប៊ុត សារឿត ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅក្រុមទី៣ ភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ មុនពេលកើតហេតុជនរងគ្រោះបានទៅច្រូតស្មៅ ចំណុចវាលស្រែខាងក្រោយផ្ទះចម្ងាយប្រហែល៧០០ម៉ែត្រ ។
កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ប៊ុត សារឿត នេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំង២ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់